វប្បធម៌-អរិយធម៌ខ្មែរបច្ចុប្បន្នដែលជា
លទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូតចេញពីមូលដ្ឋានគ្រឹះខ្មែរ-មន
ឬមន-ខ្មែរ និងឥណ្ឌាដែលគេពុំអាចផ្តាច់ចេញពីគ្នាបានឡើយ
ហើយភាពសំយោគដ៏ស្អិតរមួតនេះហើយ ដែលធ្វើឱ្យ
វប្បធម៌-អរិយធម៌ជាតិខ្មែរមានភាពសម្បូរបែប និងត្រចេះត្រចង់ ។តាមពិត មុនភាពសំយោគដើមនេះ ដែលផ្តើមឡើងនាសម័យប្រវត្តិសាស្ត្រ
ឬមុននេះបន្តិច វប្បធម៌ខ្មែរមានលក្ខណៈជាតិខ្លួនមកហើយ ។
លក្ខណៈសម្បត្តិពិសេសនេះ
ត្រូវបន្តដោយសហគមន៍ដែលស្ថិតក្នុងអម្បូរមន-ខ្មែរ នៅឥណ្ឌូចិន
និងនៅម៉ាឡាយូ (មលាយូ) រហូតដល់សព្វថ្ងៃដែលរស់នៅតំបន់ខ្ពង់រាប
ឬតាមតំបន់ព្រៃភ្នំ ហើយដែលពុំអាចទទូលឥទ្ធិពលពីឥណ្ឌា ចិន
ឬអឺរ៉ុបនៅឡើយ ។
ដូចនេះ ប្រវត្តិវិទូ
ឬអ្នកស្រាវជ្រាវខាងវប្បធម៌ខ្មែរមិនត្រូវបំភ្លេចនូវចក្ខុវិស័យចម្បង
ដែលទាក់ទិននឹងកំណើតព្រមទាំងការវិវត្តនៃវប្បធម៌ខ្មែរនេះឡើយ ។
ពោលគឺពួកគេត្រូវស្គាល់អំពីប្រភពនៃវប្បធម៌-អរិយធម៌ដើមរបស់
ជនជាតិខ្មែរយ៉ាងជាក់ច្បាស់
ហើយមិនត្រូវបំភ្លេចនូវវិភាគទានដ៏ថ្លៃថ្លាពីប្រទេសឥណ្ឌាក្នុងការ
សាងសង់នូវមូលដ្ឋានគ្រឹះរបស់សង្គមខ្មែរក្នុងអតីតកាលក៏ដូចក្នុង
បច្ចុប្បន្នភាពដែរ ។
យ៉ាងណាមិញ
ពួកគេក៏មិនត្រូវបំភ្លេចបំបាត់ដាននូវរាល់តួនាទីជាប្រវត្តិសាស្ត្រ
របស់ជនជាតិខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរ
ដែលកំពុងរស់នៅពាសពេញដេរដាសទូទាំងភូមិភាគអាស៊ីអាគ្នេយ៍នេះដែរ
ព្រោះថាជនជាតិខ្មែរគឺជាជនជាតិចាស់ ហើយមានសាវតារដ៏យូរ លង់មួយ ។
ជារួម
គេត្រូវស្គាល់នូវវប្បធម៌ខ្មែរដើមដែលបានចាប់បដិសន្ធិឡើងច្រើន
ពាន់លានឆ្នាំមុនការហូរចូលនៃវប្បធម៌ឥណ្ឌា អ្វីដែលគេហៅថាឥណ្ឌូ
រូបនីយកម្ម
និងការកាត់ផ្សំជាមួយអម្បូរចិនដែលធ្វើឱ្យសម្បុរស្បែកមានលក្ខណៈ
ជ្រះបន្តិច ។អ្វីដែល ទើបពោលខាងលើ គឺជាក្បួនខ្នាត
ក្រឹត្យក្រមតែមួយគត់ប្រកដោយលក្ខណៈវិទ្យាសាស្ត្រដែលអាចជម្រុញ
គ្រប់ការស្រាវជ្រាវរាវរកអំពីវប្បធម៌ខ្មែរឱ្យមានលក្ខណៈត្រឹមត្រូវ
និងប្រសិទ្ធភាពខ្ពស់ ។ ជាការសោកស្តាយណាស់ដែលរហូតដល់សព្វថ្ងៃនេះ
ការខ្វះខាតផ្នែកឯកសារក៏ដូចជាធនធានមនុស្ស និងសតិសម្បជញ្ញៈក្នុងការ
សរសេរឯកសារស្រាវជ្រាវដែលមានអត្ថប្រយោជន៍ និងមានលក្ខណៈវិទ្យាសាស្ត្រ
អន្តរជាតិដោយអ្នកនិពន្ធខ្មែរមួយចំនួននៅតែមាននៅឡើយ។ ដូចនេះហើយ
ពួកគេមិនអាចឈានទៅរកសច្ចភាព ឬផ្តល់យុត្តិធម៌ជូនវិស័យវប្បធម៌
និងប្រជាជនខ្មែរនៅឡើយ ក្នុងខណៈដែលមានការបំភ្លៃ
ឬបំភ័ន្តប្រវត្តិសាស្ត្រជាតិរបស់ខ្លួន ។
គឺក្នុងន័យនេះហើយដែលគេត្រូវតែបំពេញកង្វះខាតដោយបំប៉ននូវចំណេះដឹង
ទូទៅឱ្យបានធំទូលំទូលាយឱ្យបានច្រើនជាអតិបរមា
ដែលជាត្រីវិស័យចម្បងដើម្បីអភិវឌ្ឍការចេះដឹងសកលមួយប្រកបដោយសុភ
វិនិច្ឆ័យដែលអ្នកប្រាជ្ញអាចទទូលស្គាល់ជាផ្លូវការបាន ។
សរុបសេចក្តី មក គ្រប់ការនិយាយអំពីវប្បធម៌ខ្មែរ
គេត្រូវផ្តោតការយកចិត្តទុកដាក់លើទស្សនៈជាមូលដ្ឋានខាងលើនេះជាមុន សិន
បើពុំដូច្នេះទេ
គេនឹងមិនអាចនឹងឈោងទៅចាប់នូវគំនិតឧបសំយោគមួយដែលជាខ្លឹមសារ
ស៊ីជម្រៅពិតរបស់ព្រលឹងជាតិយើងបានជាដាច់ខាត (ម.ត្រាណេ) ។
Tags:
Culture




